សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរ ជូនលោកស្រី TAKAICHI Sanae ក្នុងឱកាសត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតអបអរសាទរ ជូនលោកជំទាវ TAKAICHI Sanae ក្នុងឱកាសដែលលោកជំទាវ ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែង នូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះលោកជំទាវ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

ប្រកបដោយរយៈពេលច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុនបាន និងកំពុងបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។ ក្នុងខែឧសភា ឆ្នាំនេះ ខ្ញុំមានសេចក្តីរីករាយដែលបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន អត្ថន័យ និងផ្លែផ្កា ដែលក្នុងឱកាសនោះ ប្រទេសយើងទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជារបត់ថ្មីនៃទំនាក់ទំនងទ្វេភាគី របស់យើងដែលត្រូវបានដំឡើងកាលពីឆ្នាំ ២០២៣។

ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេស យើងទាំងពីរ ក៏ដូចជារួមគ្នាលើកកម្ពស់ចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់របស់យើង និងសកលលោក។ ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថានឹងមានឱកាសជួបលោកជំទាវ ក្នុងពេលវេលាសមស្របណាមួយឆាប់ៗនេះ។

សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរលោកជំទាវ ទទួលបាននូវ សុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យជាបន្តទៀតសម្រាប់គ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ»៕