ធនធានមនុស្សពូកែ ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនជឿនលឿនបានឆាប់រហ័ស ដូច្នេះក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹងរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ ក្នុងឱកាសដែលប្រទេសជាតិមានសន្តិភាព សុខសាន្តត្រាណ នៅទូទាំងផ្ទៃប្រទេស។
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងនាំយកនូវរង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្មួយៗសិស្សពូកែទូទាំងរាជធានីភ្នំពេញ ចំនួន ៣.៦៣៦ នាក់ នៅវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីក្លាយជាអ្នកបន្តវេនដ៏មានថាមពល និងសមត្ថភាពយ៉ាងពិតប្រាកដរបស់ប្រទេសជាតិ៕