អណ្តើកសមុទ្រចំនួន ២ក្បាល ត្រូវបានព្រលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ នៅខេត្តកែប


នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្តកែប បានប្រគល់អណ្តើកសមុទ្រ (ល្មិច) ចំនួន ២ក្បាល មកឱ្យកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈស្នាក់ការសន្តិសុខលម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ មុននឹងព្រលែងចូលសមុទ្រវិញ ។

ការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើង ករោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូក្រាម បណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើកឈ្មោល មានទម្ងន់ ១៤គីឡួក្រាម បណ្ដោយប្រវែង ៥១សង់ទីម៉ែត្រ ទទឹងប្រវែង ៤៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2089។

សូមជម្រាបដែរថា មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងតែប្រទះនិងចាប់បានដោយចៃដន្យនូវពពួកសត្វសមុទ្រកម្រៗជាច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីលែងចូលក្នុងសមុទ្រវិញ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្ត៕