ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងរដ្ឋមន្រ្តី កែវ រតនៈ ចែករំលែកទស្សនៈទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិត


(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីកិច្ចសន្ទនារវាង ឯកឧតត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧតត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនៈទានស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត។

ក្នុងវេទិកានេះ ឯកឧតត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងពីកិច្ចការជាអទិភាពសំខាន់ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនិតិកាលទី៧នៃរដ្ឋសភា។

ឯកឧតត្តមបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមរយៈការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌, ការលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព, និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត,ការលើកកម្ពស់ការគោរពច្បាប់ និងការផ្តល់សេវាជំនួយផ្នែកច្បាប់, ការលើកកម្ពស់ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពីសំណាក់មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីតុលាការ, ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធតុលាការតាមរយៈការបន្តធ្វើទំនើបកម្មរដ្ឋបាលតុលាការ, និងការជំរុញរៀបចំក្របខ័ណ្ឌគតិយុត្ត និងយន្តការសម្រុះសម្រួល និងផ្សះផ្សាវិវាទ ទាំងក្នុងប្រព័ន្ធតុលាការ និង ក្រៅប្រព័ន្ធតុលាការ។

ចំណែក ឯកឧតត្តម កែវ រតនៈ បានលើកឡើងពីវឌ្ឍនភាពនៃវិស័យរ៉ែ និងថាមពល ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈមកទល់បច្ចុប្បន្ននេះ ចំនួនខ្នងផ្ទះប្រជាពលរដ្ឋដែលបានតភ្ជាប់បណ្តាញអគ្គិសនី មានប្រមាណជាង៣.៧២លានខ្នង ឬស្មើនឹង ៩៥.៨៨%នៃចំនួនខ្នងផ្ទះសរុប។ ហើយភូមិដែលបានតភ្ជាប់បណ្តាញជាតិប្រមាណ៩៩.០៩%។

ក្នុងឱកាសនោះដែរ ឯកឧតត្តមថែមទាំងបានលើកឡើងពីគម្រោងទាក់ទាញវិនិយោគ ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលខាងមុខ ដើម្បីធ្វើឱ្យកម្ពុជា មានសន្តិភាពសន្និធិប្រេងបំរុងរបស់ជាតិ និងការបង្កើនការប្រមូលពន្ធមិនមែនសារពើពន្ធពីវិស័យរ៉ែផងដែរ៕