កម្ពុជាគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធានាសន្តិសុខស្បៀងសកល


ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ “ការបង្កើតកិច្ចសន្ទនាសកល៖ ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងដែលជាកត្តាជំរុញឱ្យមានជម្លោះ និងការធានាសន្តិសុខស្បៀង” ដែលបានរៀបចំដោយសាធារណរដ្ឋសៀរ៉ាឡេអូន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍បានលើកឡើងថា សង្គ្រាមបានបំផ្លាញសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាជនស៊ីវិលជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូច្នេះការការពារជនស៊ីវិលត្រូវតែជាចំណុចស្នូល សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែង។

ការវាយប្រហារណាមួយលើជនស៊ីវិល រួមទាំងការបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម ឬសកម្មភាពទាំងឡាយដែលបម្រើដល់គោលបំណងនយោបាយ គឺមិនអាចទទួលយកបាន និងមិនត្រូវលើកទឹកចិត្តជាដាច់ខាត។

ទន្ទឹមនឹងការគូសបញ្ជាក់អំពីយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ របស់កម្ពុជា ឯកឧត្តមបានលើកឡើងនូវសំខាន់ៗមួយចំនួនជូនក្រុមប្រឹក្សាសន្តិសុខ៖ (១) កម្ពុជាអំពាវនាវឱ្យមានវាយតម្លៃឱ្យបានល្អប្រសើរជាងមុន ក្រោមសេចក្ដីសម្រេចចិត្ត ២៤១៧ (២) គ្រប់ភាគីទាំងអស់ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារបុគ្គលិកមនុស្សធម៌ និងចៀសវាងការធ្វើនយោបាយនីយកម្មលើជំនួយមនុស្សធម៌ និង (៣) ភាពជាម្ចាស់ប្រទេសមានសារៈសំខាន់ក្នុងការសម្រេចបាននូវសន្តិសុខស្បៀងដែលមានចីរភាព៕