ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី


នាព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី ក្រុងបាវិត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោក​អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ តំណាងកងកម្លាំងទាំង៣​ លោកអភិបាល​ អភិបាលរងក្រុងបាវិត​ លោកចៅ​សង្កាត់​ សមាជិកក្រុមប្រឹក្សាសង្កាត់បាទី​ សប្បុរសជន​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តការបានថ្លែងនូវការអរគុណចំពោះការចូលរួមចំណែករបស់លោកអភិបាលក្រុង មន្ត្រីក្រោមឱវាទ និងសប្បុរសជននានា ដែលបានគិតគូរ និងការផ្តល់ជំនួយពីសប្បុរជនក្នុងការក៏សាងអាគារសិក្សានេះឡេីង​គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានរបស់យើង ក៏ដូចជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស ដែលតែងតែសង្ឃឹមថា សិស្សានុសិស្ស និងកូនចៅរបស់ខ្លួនអាចមានលទ្ធភាពបានចូល រៀននៅក្នុងសាលារៀនល្អផងដែរ។

ឯកឧត្តមបន្តថា​ សមិទ្ធផលជាអគារសិក្សាថ្មី ១ខ្នង នេះ មិនត្រឹមតែបានចូលរួមចំណែកជួយបម្រើ និងបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនា សម្ព័ន្ធអប់រំ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ការសិក្សារបស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចីចង់បានរបស់ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា ប៉ុណ្ណោះទេ​ ប៉ុន្តែក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនជានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ
និងក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួមពី គ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជាការ ទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ប្រជាពលរដ្ឋ គ្រប់រូប សហគមន៍ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នាកំពុង រួមគ្នាធ្វើ និងបានកសាងនៅទីនេះ​ ក្រោមការ ដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធី នយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តកសាង កម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

សូមជម្រាបជូនថា​ កន្លងមកដោយមើលឃើញពីស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម និងមានកំណើនក្មួយៗ សិស្សានុសិស្សជាច្រើនក្នុងមួយឆ្នាំៗត្រូវចូលរៀន លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងលោក ឈី តុងសឺង (Mr.Qu DONGSHENG) ព្រមទាំងសប្បុជនដទៃទៀតបានពិភាក្សាគ្នា ហើយបានចុះមកពិនិត្យទីតាំង និងមើលស្ថានភាពសាលា​ និងឯកភាពគ្នាសម្រេចជួយកសាងអគារសិក្សាថ្មីចំនួន១ខ្នង កម្ពស់ពីរជាន់ ស្មើនឹង១២បន្ទប់ នៃសាលាបឋមសិក្សាថ្នាញ ស្ថិតនៅសង្កាត់បាទី ក្រុងបាវិត នេះឡើង​ និងបានកសាងរួចរាល់ព្រមទាំងបានបំពាក់សម្ភារមួយចំនួន រួម មានតុនិងកៅអីសិស្ស តុគ្រូ និងក្តារខៀន ដោយចំណាយថវិកាសរុបចំនួនប្រមាណ ២៥០,០០០ដុល្លារ​ អាមេរិក។