នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នានៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងបង្កើនភាពស្និទ្ធស្នាល ពង្រឹងប្រសិទ្ធភាពការងារ និងស្មារតីការងារជាក្រុម និងបង្កើនភាពសុខដុមរមនា ក្នុងស្ថាប័នអាជ្ញាធរមីន។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជួបជុំគ្នានេះ មិនគ្រាន់តែជាការប្រមូលផ្ដុំប៉ុណ្ណោះទេ ប៉ុន្តែវាជាការសម្ដែងនូវការប្ដេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីឆ្ពោះទៅសម្រេចគោលដៅក្នុងវិស័យសកម្មភាពមីន សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត រហូតដល់កម្ពុជាអាចសម្រេចគោលដៅរបស់ខ្លួន គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីន អាជ្ញាធរមីនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដឹកនាំអនុវត្តន៍គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ចាប់ពីឆ្នាំ២០២៦ តទៅ។
តាងនាមអាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីន ចាប់ពីឆ្នាំ២០២៦ អាជ្ញាធរមីន បានត្រៀមខ្លួនក្នុងការដឹកនាំការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដោយបានដាក់ចេញនូវគោលដៅកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ និងការសម្រេចបានចក្ខុវិស័យវែងឆ្ងាយគឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»៕




