ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ ស្ដីពីបញ្ជាសិប្បនិម្មិត សម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត សម្រាប់អនាគតនៃការអប់រំនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ប្រមាណជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀត ដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមនិស្សិត ២៥០០ មាននិស្សិតប្រមាណ ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យដៃគូរចំនួន ៦ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និងបញ្ហាប្រឈម ដូច្នេះហើយ គួរយកទស្សនៈនេះមកសំយោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរភាព។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ ដែលដឹកនាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា ដើម្បីរៀបចំគោលបាយអប់រំ មានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន៕






