(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងត្រៀមស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បីជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ស្របគោលនយោបាយបើកចំហរដល់ជើងមេឃរបស់ប្រមុខររាជរដ្ឋាភិបាលកម្ពុជា។
ក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ បានបញ្ចប់ហើយ នឹងត្រៀមដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្រ្តី ពិនិត្យ និងអនុម័តនាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ រួមមាន៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។ ក្នុងនោះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍៖
* បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាននិងរដ្ឋ សមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ
* ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាងកម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប
* ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាងកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ ដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ
* បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុត នៅកម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន
* ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប
* បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិច រវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់ សហភាពអឺរ៉ុប។
ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹង ទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖
* ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន
* ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ
* បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព
* ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល រវាងកម្ពុជា និងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន
* រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។
ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖
* បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ តែមួយនៃវិស័យអាកាសចរណ៍
* ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ
* ទាក់ទាញបន្ថែមទៀតនៃការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តារដ្ឋ សមាជិកអាស៊ាន៕


