លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចាក់ជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញនូវការបដិសេធយ៉ាងដាច់អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថា កងកម្លាំងកម្ពុជាដាក់មីនថ្មី។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្តីពីការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់។
មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា កម្ពុជាសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដែលប្រទេសថៃ បានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃ ជាន់មីនផ្ទុះ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលពួកគេចូលទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣។
ប្រភពដដែល បានបន្តថា យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋមក្នុងបទបង្ហាញ ការបាញ់ប្រហារដោយកងកម្លាំងថៃ គឺដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ នេះគឺជាលទ្ធផលនៃការស៊ើបអង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន(AOT)៕



