ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដើម្បីផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តសម្រាប់វិនិយោគិន


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដើម្បីផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាឱកាសបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF)។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ គ.ស.ឯ.រ.ជ. រួមទាំងមានភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។

ថ្លែងនាឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា «កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក»

បន្ថែមពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងខិតខំប្រឹងប្រែងបាន និងកំពុងបន្តដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើនផងដែរ៕