(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួម។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លទ្ធផលថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការគំាទ្រពីដៃគូអភិវឌ្ឍ ក្នុងអនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដើម្បីធានានិរន្តរភាពនៃទិន្នន័យ ជាពិសេសទិន្នន័យសម្រាប់ ការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិស័យកសិកម្មនិងជនបទ ឱ្យសមស្របទៅនឹងតម្រូវការ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ កិច្ចខិតខំនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យ កសិកម្ម និងការអភិវឌ្ឍវិស័យជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញស្ថិតិប្រកបដោយបរិយាបន្ន និងមានគុណភាពខ្ពស់ តាមរយៈការផ្ដល់សេចក្ដីទុកចិត្តដល់វិទ្យាស្ថានជាតិស្ថិតិ ឱ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការ បង្កើតគោលនយោបាយផ្អែកលើទិន្នន័យ ដែលជាភស្តុតាងក្នុងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការតាមដានវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត។
ចំពោះទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់ ជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជា ស៊េរីអំពី ផ្នែកបច្ចេកទេសកសិកម្ម បរិស្ថាន សេដ្ឋកិច្ច និងសង្គមកសិកម្ម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកប មុខរបរកសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំងពលកម្មស្ថិតក្នុងវិស័យ កសិកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត ដែលមាននៅក្នុងរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដូចមានក្នុងរបាយការណ៍វឌ្ឍនភាពការងាររបស់ឯកឧត្តម ទ្រី ឫទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងមតិចំណាប់អារម្មណ៍របស់លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទិន្នន័យអង្កេតកសិកម្មនេះបានរំលេចចេញយ៉ាងច្បាស់ និងកាន់តែស៊ីជម្រៅ អំពីនិន្នាការរចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរ វិស័យកសិកម្ម នៅតាមតំបន់នានា ស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងទិន្នន័យពាក់ព័ន្ធមួយចំនួនទៀត ដែលបន្តចូលរួមចំណែកដ៏សំខាន់ក្នុងការប្រើប្រាស់សម្រាប់គណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ចនៃវិស័យកសិកម្មនៅកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ជាពិសេសជាប្រភពទិន្នន័យសំខាន់សម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិគណនេយ្យជាតិក្នុងការវាស់វែងកំណើនសេដ្ឋកិច្ចផ្នែកកសិកម្ម។
ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អ្នកជំនាញការជាតិនិងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទំាងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា ពីសំណាក់អង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គម្រោងកម្មវិធីអភិវឌ្ឍន៍ស្ថិតិកសិកម្ម៥០x២០៥០ និងដៃគូ អភិវឌ្ឍផ្សេងទៀតដែលបានចូលរួមគាំទ្រផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ ដោយសម្រេចលទ្ធផលបានជោគជ័យ ជាស្ថាពរប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។



