(តាកែវ)៖ ឯកឧត្តម វ៊ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំនិងរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានកាន់តែប្រសើរឡើងថែមទៀត ។
នៅក្នុងឱកាសអញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ក៏មាន ការអញ្ជើញចូលរួមពីឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងគណៈប្រតិភូអមដំណើរ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ការដោះបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្ត របស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណា ចូលរួមដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ កាត់បន្ថយបញ្ហាវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋ និងការចំណាយថវិកា ដោយធានាបានទាំងគុណភាព និងបរិមាណនៃប្រព័ន្ធច្បាប់ ជូនភាគីទាំងសងខាង ដោយឈរលើគោលការណ៍ ឈ្នះៗទាំងអស់គ្នា ប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបញ្ជាក់ថាអាជ្ញាធរទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំសម្របសម្រួលដោះស្រាយ និងផ្សព្វផ្សាយពីយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋបានយល់ដឹងបន្តទៀត។ នៅពេលដែលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់ កើតឡើងវានិងធ្វើអោយមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងនិងក្រៅតំបន់ លើកស្ទួយកម្រិតជីវភាពពួកគាត់ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះដែលឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថាអង្គសិក្ខាសាលានេះ រៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួរអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបន្តថា អ.ដ.ក. គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ (១)-ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២)-ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។



