រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តជាផ្លូវការ «គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ជនបទ។

«គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ត្រូវបានរៀបចំឡើងដោយកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជន នៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ ប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ» ដោយផ្តោតទៅលើការអភិវឌ្ឍតំបន់ជនបទឱ្យឆ្លើយតបទៅនឹង តម្រូវការជាអាទិភាព ប្រកបដោយតុល្យភាព ភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់គោលនយោបាយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋានជនបទ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជននានា ចូលរួមសហការឱ្យបានពេញលេញ រួមគ្នាជាសហថាមពល ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ នេះឱ្យ ទទួលបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពខ្ពស់។

សម្តេចនាយករដ្ឋមន្រ្តីនឹងបន្តតាមដានការអនុវត្តគោលនយោបាយនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕