ឯកឧត្តម សុខ សូកាន ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ចំណុះទូកគិរីវង់សុខសែនជ័យ និង ទូកស្រីសសុខសែនជ័យ


ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ចំណុះទូកគិរីវង់សុខសែនជ័យ និង ទូកស្រីសសុខសែនជ័យ ចំនួន ១៧០ នាក់។ ឯកឧត្តម បានរំលឹកអំពីអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្តេចតែងតែយកចិត្តទុកដាក់ ទំនុកបំរុង និងស្រឡាញ់ទូកងទាំងពីរនេះជាខ្លាំង។ ឯកឧត្តមបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ចំណុះទូក និងគណៈកម្មការគ្រប់គ្រងទូក រហូតដល់ទទួលលទ្ធផលគួរជាទីមោទនៈ ដែល ទូកស្រីសសុខសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ ៣ និង ទូកគិរីវង់សុខសែនទទួលបានចំណាច់ថ្នាក់ លេខ ៤ ទូទាំងប្រទេស។

ឯកឧត្តមក៏ថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ប៊ិន ឈិន ឯកឧត្តម បួន លំហេង និង សប្បុរសជនដែលបានជួយឧបត្ថម្ភទ្រទ្រង់ទូក និង អរគុណដល់គណៈកម្មការគ្របគ្រងទូក និងចំណុះទូកចំពោះការខិតខំប្រឹងប្រែង។
ឯកឧត្តមបានលើកឡើងថា ព្រះរាជពិធីបុណ្យអ៊ុំទូក គឺបង្ហាញពីការសាមគ្គីគ្នា ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមសង្ឈឹមយ៉ាងមុតមាំថា ទូកទាំងពីរនឹងទទួលលទ្ធផលល្អបន្ថែមទៀតនៅឆ្នាំក្រោយ។ ជាចុងក្រោយឯកឧត្តម បានឧបត្ថម្ភដល់ចំណុះទូកថវិការ ២០ ម៉ឺនរៀល/ម្នាក់ អង្ករ ៥០គីឡូ/ម្នាក់ លោក អ៊ុំ ឈុនស្រ៊េង ប្រធានគណៈគ្រប់គ្រងទូក ចំនួន ២ លាន និងស្រាបៀរ ២០ កៀស ដល់ចំណុះទូកទាំងពីរ។