នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈចលនាសាសនិកឥស្លាមកម្ពុជាចុះជួយខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកមកពីខេត្តកោះកុង ដែលមកស្នាក់នៅស្រុកទឹកឈូ ខេត្ត កំពត ចំនួន ៣០០ គ្រួសារ ។ អំណោយ ខាងលើទទួលបានពីអង្គការអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ចំនួន១៥០គ្រួសារ និងគ្លីនិកម៉ើត ឌុលសេត ចំនួន ១៥០គ្រួសារ រួមទាំង ឧបត្ថម្ភថវិកា ជូនកុមារកំព្រាចំនួន៣០នាក់ ដែលអំណោយរបស់គ្លីនិកម៉ើត ឌុលសេត ផងដែរ។ នៅក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកជាទីបំផុត។ ឯកឧត្តម បានបង្ហាញនូវក្តីអាណិតអាសូរដល់បងប្អូនជនភៀសសឹកដែលរងទុក្ខវេទនាពីការឈ្លានពានរបស់កងទ័ពថៃ ដែលស្រែកឃ្លានប្លន់ទឹកដីកម្ពុជា ដែលល្មើសនឹងច្បាប់អន្តរជាតិ ហើយឯកឧត្តម បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ និងជាប់ជានិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ។ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចេះស្រឡាញ់គ្នា យកអាសារគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ន នៅក្នុងកន្លែងភៀសសឹក និងសូមឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ឲ្យបានខ្ពស់ ដោយប្រកាន់ជាប់ជានិច្ច នូវអនាម័យ រស់នៅស្អាត និងបរិស្ថានស្អាត។ ជាចុងក្រោយ ឯកឧត្តម បានបួងសួងសុំពីព្រះអល់ឡោះជាម្ចាស់ សូមឲ្យសន្តិភាពមានជូនដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាយើងជានិរន្តរ៍តទៅ៕

























