(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃចន្ទ ៣កើត ខែបុស្ស ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ាន សុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិទិសប្រាសាទតាក្របី កាលពីថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ អ៊ាន សុខ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


