រាជរដ្ឋាភិបាលកម្ពុជា ផ្តល់គ្រឿងឥស្សរិយយស ជូនលោកបណ្ឌិត István Zelnik ចំពោះការរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ អំពី តំបន់រមណីយដ្ឋានអង្គរ និងកោះកេរ


(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គ្រឿងឥស្សរិយយសជូនលោកបណ្ឌិត István Zelnik និងក្រុមអ្នកស្រាវជ្រាវកម្ពុជា-ហុងគ្រី ចំពោះការរួមចំណែកដ៏សំខាន់ក្នុងការ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិរក្ស និងការផ្សព្វផ្សាយចំណេះដឹងទៅកាន់អន្តរជាតិអំពីតំបន់រមណីយដ្ឋានអង្គរ និងកោះកេរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ លោកបណ្ឌិត István Zelnik ជនជាតិហុងគ្រី ដែលជាអតីតអ្នកការទូត បញ្ញវន្ត និងជាអ្នកប្រមូលសមុច្ច័យវត្ថុសិល្បៈ បានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី (Hungarian Southeast Asian Institute)។ វិទ្យាស្ថាននេះបានចូលរួមគាំទ្រដល់កម្មវិធីស្រាវជ្រាវនៅតំបន់អង្គរ និងតំបន់កោះកេរ រួមមាន៖ ការអង្កេតបុរាណវិទ្យា ការស្រាវជ្រាវ តាមបច្ចេកវិទ្យា LIDAR ការវិភាគសិលាចារឹក និងការសិក្សាប្រវត្តិសាស្ត្រ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ការលើកកម្ពស់ចំណេះដឹងជាសកលអំពីអារ្យធម៌អង្គរ និងការរៀបចំឯកសារ តំបន់រមណីយដ្ឋានកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយជោគជ័យ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ លោកបណ្ឌិត Zelnik បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភគាំទ្រ និង សម្របសម្រួលដល់សកម្មភាពស្រាវជ្រាវទាំងនេះ រួមទាំងការបោះពុម្ពសៀវភៅស្រាវជ្រាវវិទ្យាសាស្ត្រ ប្រមាណ១៥ចំណងជើង ដែលផ្តោតលើវិស័យបុរាណវិទ្យា បេតិកភណ្ឌវប្បធម៌ខ្មែរ និងសិល្បៈកម្ពុជាសម័យទំនើប។

ដើម្បីជាការទទួលស្គាល់នូវការរួមចំណែកដ៏មានសារៈសំខាន់ទាំងនេះ រាជរដ្ឋាភិបាលបានផ្តល់គ្រឿងឥស្សរិយយសជូន៖

*១៖ លោកបណ្ឌិត István Zelnik ស្ថាបនិកវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី និងជាអ្នកឧបត្ថម្ភគាំទ្រវិស័យសិល្បៈ
*២៖ លោកបណ្ឌិត Belényesy Károly ប្រធានផ្នែកបុរាណវិទ្យា និងជាអ្នកសម្របសម្រួលនៃគម្រោងបេតិកភណ្ឌវប្បធម៌ កម្ពុជា ស្ថិតក្រោមវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី
*៣៖ លោក Róbert Kuszinger អ្នកជំនាញព័ត៌មានវិទ្យា ទទួលបន្ទុកការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា សម្រាប់គម្រោងបេតិកភណ្ឌវប្បធម៌កម្ពុជា និងទិន្នន័យ LDAR នៅតំបន់កោះកេរ
*៤៖ លោក Sulyok Miklós អ្នកថតរូប អ្នកបង្កើតឯកសាររូបថត និងពិព័រណ៍សិល្បៈ អច្ឆរិយៈនៃបេតិកភណ្ឌកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយ លោកបណ្ឌិត István Zelnik ដែលបានផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រ និងការវិវត្តនៃអាណាចក្រអង្គរ សម័យមុនអង្គរ និងសម័យបុរេប្រវត្តិ៕