សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលរបួស និងគ្រួសារកងទ័ពនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះវីរកងទ័ព និងក្រុមគ្រួសារកងទ័ព នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និងគ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ កំពូលជាតិមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាវីរកងទ័ព និងគ្រួសារកងទ័ពក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងនេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងគ្រប់រូបទាំងអស់ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី នាំមកនូវសេចក្តីសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាមន្ត្រី បានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក ចំពោះវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារត្រូវផ្សែងពុលដែលបង្កឡើងដោយកងទ័ពថៃឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងបានសួរសុខទុក្ខដល់កុមារកំពុងព្យបាលជំងឺគ្រុនឈាម ដែលត្រូវជាកូនរបស់វីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន កាពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា។

សម្តេចមហាន្ត្រី បានជូនពរឱ្យវីរកងទ័ព ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារជាតិ និង មាតុភូមិ។ ក្នុងឱកាសនោះដែរ សម្តេចមហាមន្ត្រី បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព និងគ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍នេះ៕