ឯកឧត្តម សុខ លូ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសំឡូត


ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសំឡូត។ពិធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំង ប្រដាប់ អាវុធ និងអាជ្ញាធរមូលដ្ឋាន។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក ហ៊ុន ធឿន ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកសំឡូតជំនួសលោក សើ សាម៉េត ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតមណ្ឌល។

លោក ហ៊ុន ធឿន បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុកសំឡូត និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានណែនាំដល់លោក ហ៊ុន ធឿន អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន។

ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា៕