(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកយន្តការច្បាប់អន្តរជាតិជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន (JBC) ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងយន្តការច្បាប់ផ្សេងៗទៀត ក្នុងន័យធ្វើយ៉ាងណារកយុត្តិធម៌ជូនកម្ពុជា និងធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឲ្យមានភាពល្អប្រសើរឡើងវិញ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា នៅក្នុងសង្គ្រាមឈ្លានពានជាង២០ថ្ងៃ យោធាថៃ បានពង្រីកវិសាលភាពនៃការឈ្លានពានតាមបណ្ដោយព្រំដែនជាង ៨០០គីឡូម៉ែត្រ មកលើទឹកដីកម្ពុជា ព្រមទាំងបានបាញ់ប្រហារយ៉ាងកម្រោលមកលើមូលដ្ឋានទ័ព និងទីតាំងជនស៊ីវិលដោយមិនរើសមុខ។
បន្ទាប់ពីអនុវត្តបទឈប់បាញ់ យោធាថៃបានរាយបន្លាលួស និងយកគ្រឿងចក្រមកឈូសឆាយចូលដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់នៅទីតាំងមួយចំនួន ព្រមទាំងបានលួចទ្រព្យសម្បត្តិ និងបំផ្លាញផ្ទះសំបែងរបស់ ប្រជាពលរដ្ឋខ្មែរខ្ទេចខ្ទីគ្មានសល់។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមថា ទង្វើដ៏សាហាវព្រៃផ្សៃនេះវាជាភស្ភុតាងយ៉ាងច្បាស់លាស់មិនអាចប្រកែកបាន ពីទង្វើឈ្លានពានរបស់យោធាថៃដែលនាំឱ្យកម្ពុជាឈ្នះក្ដីតាមរយៈច្បាប់អន្តរជាតិ ដើម្បីរកយុត្តិធម៌ជូនប្រទេសជាតិ និងប្រជាជនខ្មែរ ហើយរាល់ទីតាំងដែលយោធាថៃ បានកាន់កាប់នឹងត្រូវប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិបានដោះស្រាយ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានសម្ដែងមោទនភាពជាមួយប្រជាពលរដ្ឋខេត្តតាកែវ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ បរិច្ចាគស្បៀងអាហារ និងថវិកាដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ សកម្មភាពនេះ បានបង្ហាញពីស្មារតី សាមគ្គីឯកភាពជាតិជាធ្លុងមួយក្នុងនាមជាសមរភូមិក្រោយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តសា្មរតីស្នេហាជាតិ រួបរួមសាគ្គីគ្នា ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវមានជំនឿជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា៕














