ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តតាកែវដឹកនាំរៀបចំពិធីអបអរសាទរខួបទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧


ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិនៅបរិវេណវិមានឯករាជ្យខេត្តតាកែវ។

ក្នុងឱកាសដ៏មហាអស្ចារ្យនោះឯកឧត្តមអភិបាលខេត្តក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លា អង់អាចក្លាហានរបស់សម្តេចតា សម្តេចតាទួត ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ បានដឹកនាំតស៊ូរំដោះមាតុភូមិកម្ពុជាចេញពីនឹមអាណានិគមរហូតបានទទួលឯករាជ្យពេញលេញ និងទាមទារសិទ្ធ សេរីភាពពេញបរិបូរណ៍ដល់ប្រជាជន ប្រទេសជាតិ និងមាតុភូមិកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ប្រជាពលរដ្ឋកម្ពុជាជាកូនចៅ ចៅទួតរបស់ព្រះអង្គនឹងចងចាំជានិច្ចចំពោះមហាវីរៈភាពដ៏អស្ចារ្យព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងដឹងគុណដល់ វិញ្ញាណក្ខន្ធវីរៈបុរសដែលស្លាប់ ដោយការពារទឹកដីកម្ពុជា។

ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្តេជ្ញារួបរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពារ កសាង អភិវឌ្ឍប្រទេសជាតិឱ្យបានគង់វង្ស និងរីកចំរើន ជាពិសេសការពារនូវសន្តិភាពឱ្យបានដាច់ខាតមិនឱ្យជនអគតិ ឬបទេសណាមកបំផ្លាញបានឡើយ។