ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្ត​គម្រោង ការកសាងភាពធន់​នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តគម្រោង «ការកសាងភាពធន់នឹងការប្រែប្រួល​អាកាសធាតុ ក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)» ដែលរៀបចំឡើងដោយអង្គការ Save the Children ប្រចាំកម្ពុជា ទទួលបានការគាំទ្រថវិការួមគ្នាពីមូលនិធិ​អាកាសធាតុបៃតង (GCF) និងមូលនិធិភាពជាដៃគូសកល​សម្រាប់ការអប់រំ (GPE) ក្នុងគោលដៅឆ្លើយតប​ទៅនឹងការប្រែប្រួល​អាកាសធាតុ តាមរយៈការពង្រឹងភាពធន់ របស់ប្រព័ន្ធអប់រំ សាលារៀន សិស្សានុសិស្ស និងសហគមន៍។

ពិធិនេះបានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកជំទាវ មាស ចាន់ធីតា អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន, លោក Nick Ireland, នាយកផ្នែកការប្រែប្រួលអាកាសធាតុ Save the Children Australia, លោក Hiroyuki Hattori, Chief of Education, UNICEF Cambodia, លោកបណ្ឌិត ណូ ហ្វាតា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំ the World Bank Cambodia, លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា រួមទាំងមានលោក លោកស្រី អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបញ្ជាក់ឱ្យដឹងថាគម្រោង ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ ជាគម្រោងមួយមានគោលដៅឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំ សាលារៀន សិស្សានុសិស្ស និង សហគមន៍ ជាមួយនឹងការរំខានពីខាងក្រៅ ដែលបង្កឡើងដោយកត្តាអាកាសធាតុ កត្តាធម្មជាតិ និងកត្តាផ្សេងៗដទៃទៀត សំដៅកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ ដំណើរការរបស់សាលារៀន ដែលជាបច្ច័យរំខានដល់ការបំពេញការងាររបស់គ្រូបង្រៀន ការរៀន សូត្ររបស់សិស្សានុសិស្ស និងបណ្តាលឱ្យកុមារដែលជាក្រុមងាយរងគ្រោះ កាន់តែប្រឈមនឹង ហានិភ័យនៃការបាត់បង់ឱកាសសិក្សា ឬបោះបង់ការសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបន្ថែមថា ដូចនឹងប្រទេសដទៃទៀតក្នុងតំបន់ និងសកលលោក តំបន់មួយចំនួនរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ កន្ត្រាក់ និងហានិភ័យផ្សេងៗទៀត ដែលបានបង្កផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសសាលារៀន។ ក្នុងបរិបទនេះ ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ ក្នុងវិស័យអប់រំ គឺជាអាទិភាពដ៏សំខាន់មួយ តាមរយៈការដាក់ឱ្យអនុវត្តគម្រោង BRACE ដើម្បីធានាថា ប្រព័ន្ធអប់រំ ជាពិសេសសាលារៀន របស់កម្ពុជា នឹងត្រូវបានការពារ អាចសម្របខ្លួន និងមានភាពធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា គម្រោងនេះនឹងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអប់រំរបស់កម្ពុជា មានភាពធន់ និងចូលរួមដោះស្រាយការប្រែប្រួល អាកាសធាតុ ជាពិសេសធានាបានថា សាលា រៀនមានសុវត្ថិភាព និងបៃតងជាងមុន ដែលអាចឱ្យកុមារ បន្តការសិក្សាដោយគ្មានការរំខាន ព្រមទាំងគាំទ្រ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាន របស់កុមារគ្រប់រូប។

បើតាមបញ្ជាក់ពីលោក ហុង រស្មី អង្គការ Save the Children មានបទពិសោធន៍គ្រប់គ្រាន់ និងជាស្ថាប័ននាំមុខ នៅកម្រិតសកល តំបន់ និងថ្នាក់ជាតិ ផ្នែកសាលារៀនសុវត្តិភាព ធន់នឹងការរំខានពីវិបត្តិសង្គម និងការប្រែប្រួលអាកាសធាតុ។ នៅក្នុងវិស័យអប់រំកម្ពុជា អង្គការក៏បានចូលរួមដឹកនាំ សម្របសម្រួលជាមួយបណ្តាញអង្គការមិនមែនរដ្ឋាភិបាល ជួយដល់ប្រពន្ធអប់រំនៅថ្នាក់ជាតិ ក្រោមជាតិ សាលារៀន និងសហគមន៍ ក្នុងការរៀបចំគោលនយោបាយ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា(NDC 3.0) សេចកត្តីណែនាំ ឯកសារបណ្តុះបណ្តាល ការបំប៉នសមត្ថភាព និងការកែលំអហេដ្ឋារចនាសម្ព័ន្ធសាលារៀន ឱ្យធន់នឹងទឹកជំនន់ ខ្យល់ព្យុះ រលកកំដៅខ្លាំង និងគ្រោះថ្នាក់ដទៃទៀត នៅតាមសាលារៀន ដែលប្រឈមនឹងគ្រោះធម្មជាតិ។

សម្រាប់ការអនុវត្តគម្រោង BRACE, លោក ហុង រស្មី បានបញ្ជាក់ដែរថា Save the Children និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន មន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា សាលារៀនគោលដៅ រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ ក្នុងការនាំយកបទពិសោធន៍ល្អៗក្នុងរយៈពេល៥ឆ្នាំ ជួយសាលាបឋមសិក្សាសរុបចំនួន២៤០ ឱ្យក្លាយជាសាលារៀន មានសុវត្ថិភាព មានមេត្រីភាពបរិស្ថាន និងជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀនដើម្បីដឹកនាំការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។

នាយកប្រចាំប្រទេស ហុង រស្មី ក៏បានគូសបញ្ជាក់ដែរថា អង្គការ Save the Children នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់វិស័យអប់រំ ក្នុងការទទួលបាននូវហិរញ្ញប្បទានអាកាសធាតុកាន់តែច្រើន សម្រាប់កុមារកម្ពុជាគ្រប់ប្រភេទបន្តការសិក្សាដោយភាពអង់អាច ពុំចុះញ៉មនឹងការរំខានពីកក្តាខាងក្រៅ រួមទាំងវិបត្តិអាកាសធាតុ៕