កម្ពុជា បន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ


អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។ ការថ្លែងរបស់ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងក្នុង ការធ្វើបច្ចុប្បន្នភាពស្តីពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ផ្សាយផ្ទាល់ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានថ្លែងបញ្ជាក់ថា« ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង»។

ទន្ទឹមនេះ កម្ពុជាក៏ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការនានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដើម្បីកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

កាលពីព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះតាមបណ្ដាញសង្គមថា សម្ដេច ពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។

សម្ដេចធិបតី បានក្រើនរម្លឹកបន្ថែមថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។  ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ៕