(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រយៈពេល១ឆ្នាំកន្លងទៅនេះ ដោយការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋ កាន់តែទទួលបានភាពកក់ក្តៅ និងមានទំនុកចិត្តលើថ្នាក់ដឹកនាំ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅអនុវត្តសម្រាប់ឆ្នាំ ២០២៦ នៃការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងដាក់ចេញផែនការសកម្មភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រាប់អនុវត្តឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការដឹកនាំតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គួបផ្សំ និងការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលខេត្តកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែទទួលបាននូវភាពកក់ក្ដៅ និងជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ គ្រប់ថ្នាក់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន សមត្ថកិច្ច ក្រុង/ស្រុក ឃុំ/សង្កាត់បានបន្តយកចិត្តទុកដាក់លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធាណៈ នានាជូនប្រជាពលរដ្ឋ រួមទាំងការអនុវត្តនូវបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយឈរលើគោលការណ៍ជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរដ្ឋបាលខេត្ត គឺសមត្ថកិច្ចត្រូវអនុវត្តឱ្យបាន ត្រឹមត្រូវ ស្អាតស្អំ និងមានការទទួលខុសត្រូវខ្ពស់ មិនចូលរួម មិនការពារ មិនអន្តរាគមន៍ លើបទល្មើស និងបង្ក្រាបដោយមិនមានការលើកលែង រាល់ករណីល្មើស ដើម្បីធានាបាននូវសន្តិសុខសង្គម សំដៅ ការពារប្រជាពលរដ្ឋកុំឱ្យក្លាយទៅជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរងនូវការធ្វើទារុណកម្មនានា។
ឯកឧត្តម អ៊ូច ភា បានយកឱកាសនោះ ថ្លែងអំណរគុណអាជ្ញាធរខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់កងទ័ព ជាពិសេសគ្រួសារភៀសសឹក នៅពេលកន្លងមក និងបន្តជួយ ដែលពួកគាត់បានមកបោះទីតាំងបណ្ដោះអាសន្ននៅក្នុងខេត្តកំពង់ចាម។
រដ្ឋលេខាធិការបានក្រើនរំលឹកសូមឱ្យជនរួមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ឋានានុក្រម សាមគ្គីគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រដល់វីរៈកងទ័ពជួរមុខរបស់យើង ដើម្បីធ្វើយ៉ាងណាយើងរក្សា បាននូវសន្តិសុខសណ្ដាប់ធ្នាប់ផង និងខិតខំការពារដោះស្រាយបញ្ហាប្រឈមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅតាមយន្តការច្បាប់អន្តរជាតិផង៕










