(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកនេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសម្របសម្រួលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរទៅលក់ដូរនៅទីតាំងថ្មី គឺផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។
នៅក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះសំណើសុំបន្តលក់ដូរនៅទីតាំងដដែល ពោលគឺនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានឡើយ។ ការរៀបចំនេះ គឺដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ ក៏ដូចជាដើម្បីបម្រើផលប្រយោជន៍ដល់សាធារណជនជារួម។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនអាជីវករ គឺសូមអញ្ជើញទៅលក់នៅកន្លែងថ្មី ដូចជាផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ ដែលនៅទីនោះមានលក្ខខណ្ឌអនុគ្រោះជាច្រើន ជៀសវាងការបន្តលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ។ ទន្ទឹមនឹងការតម្រូវឱ្យមានការផ្លាស់ប្ដូរទីតាំងនេះ ឯកឧត្តមអភិបាល ក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពរបស់បងប្អូនអាជីវករផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធានាជួយទំនុកបម្រុងដល់បងប្អូនអាជីវករដែលជួបការខ្វះខាតខ្លាំង ដោយនឹងផ្តល់ជាអង្កររបស់រដ្ឋបាលរាជធានី ដើម្បីសម្រួលដល់ការលំបាកក្នុងអំឡុងពេលផ្លាស់ប្ដូរទៅទីតាំងថ្មីនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការយកចិត្តទុកដាក់នេះ គឺអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ៕







