អភិបាលខេត្តតាកកែវ បន្ដលើកទឹកចិត្តអ្នកវិនិយោគមកពីចិន ឲ្យបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្តតាកែវ


(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ក្រុមអ្នកវិនិយោគមកពីប្រទេសចិន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍ និងធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុន អ្នកវិនិយោគទុនមកពីប្រទេសចិន ឲ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តតាកែវ ឲ្យបានកាន់តែច្រើនឡើង ជាពិសេសបង្កើតរោងចក្រថ្មីៗ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

ឯកឧត្តម វ៉ី សំណាង បានបន្ដថា សម្រាប់ខេត្តតាកែវ កំពុងទទួលបានអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ គម្រោងវិនិយោគនេះបានបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានយ៉ាងច្រើនកន្លែង ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា មូលហេតុដែលខេត្តតាកែវ ទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តតាកែវ មានសក្ដានុពលជាច្រើនលើវិស័យឧស្សាហមកម្ម កសិកម្ម ទេសចរណ៍ ហេថារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ជាពិសេសអាជ្ញាធខេត្តបានយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់បែបយ៉ាងជូនអ្នកវិនិយោគទុន។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អភិបាលខេត្តតាកែវ ក្រុមអ្នកវិនិយោគចិន ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់មកបង្កើតក្រុមហ៊ុន និងរោងចក្រ ក្នុងពេលឆាប់ៗនេះ ហើយក្រុមអ្នកវិនិយោគចិននឹងគៀងគរ ក្រុមអ្នកវិនិយោគចិន ដែលជាដៃគូរសហការដែលមាននៅប្រទេសចិន ឲ្យមកទស្សនៈកិច្ចការងារស្រាវជ្រាវលើវិស័យឧស្សាហមកម្ម កសិកម្ម ទេសចរណ៍ ក្នុងខេត្តតាកែវ ដើម្បីចូលមកបណ្ដាក់ទុនឲ្យបានកាន់តែច្រើន ថែមទៀតនៅក្នុងទឹកដី នៃខេត្តតាកែវ៕