ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្តបាត់ដំបង


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ល្អៗមួយចំនួន ជូនដល់ រដ្ឋបាលខេត្ត បាត់ដំបងក៏ដូចជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តបាត់ដំបង មានជាអាទិ៍ដូចជា ត្រូវខិតខំ យកចិត្តទុកដាក់ រួបរួមគ្នាប្ដេជ្ញាចិត្ត ក្នុងការអនុវត្ត ឱ្យសម្រេចបានលទ្ធផល ល្អប្រសើរ ក្នុងឆ្នាំ ២០២៦នេះ លើការពង្រឹង សន្តិភាព និងស្ថេរភាពនយោបាយ ដែលប្រទេសជាតិរបស់យើង បានឆ្លងកាត់ភ្លើងសង្គ្រាម ជាច្រើនឆ្នាំរួចមកហើយ យើងបានយល់ច្បាស់ណាស់ ពីគុណតម្លៃនៃ សន្តិភាពជាដើម។

ការផ្ដល់អនុសាសន៍នេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមនៅក្នុងប្រកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅបន្ត ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបងនារសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ។

យោងតាមរបាយការណ៍សង្ខេប របស់ឯកឧត្តមសុខលូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថាអង្គសន្និបាត បានពិភាក្សា និងធ្វើបទអន្តរាគមន៍ លើប្រធានបទចំនួន ៥ ដើម្បីបង្ហាញពីស្ថានភាព នៃការអនុវត្តជាក់ស្ដែង និងបញ្ហាប្រឈមនានា ដែលនៅសេសសល់ ការពិភាក្សាស្វែងរកដំណោះស្រាយ ធាតុចូលសំខាន់ៗ និងកំណត់ទិសដៅ សម្រាប់អនុវត្ត នាពេលខាងមុខរួមមាន៖ ១-ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយផ្ដោតលើវិស័យសន្តិសុខ ២- ការគ្រប់គ្រងបរិស្ថាន សម្រាម សំណល់រឹង- រាវ ការដុតសម្រាម និងការដុតព្រៃ ក៏ដូចជាការ បង្ករសំឡេងរំខាន ៣- ការអភិវឌ្ឍន៍មូលដ្ឋាន កែលម្អពីប្រជុំជន ក្រុង ស្រុក ឃុំ និងសង្កាត់ ៤- ការស្ដារ និងលើកកម្ពស់ ជីវភាពគ្រួសារ ប្រជាពលរដ្ឋ និង៥- ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តមសុខលូ ក៏បានលើកឡើងពីទិសដៅរួម អង្គសន្និបាតរដ្ឋបាលខេត្ត បានឯកភាពគ្នា និងបន្តប្តេជ្ញាបង្ក្រាប និងលុបបំបាត់ ឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធ បច្ចេកវិជ្ជា ពីព្រោះវាបានបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ៕