(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន ក្រោមអធីបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន ទទួលបាន គឺបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង៩៖០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ពិនិត្យ ហើយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
២៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥៕

