(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះ មានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។
អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន ដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យនេះឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើមឡើងវិញ បិទបាយអការពារជម្រាបទឹកចូលទៅក្នុងគ្រឹះបន្តទៀត។
ស្របជាមួយគ្នានេះដែរ ក្រុមការងារអភិរក្សថ្ម ក៏បានប្រើបច្ចេកទេសជួសជុលពង្រឹងផ្នែកថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ រួមមាន សសរ ជញ្ជាំង មេទ្វារ និងរូបអប្សរាមួយចំនួន។
បច្ចុប្បន្ននេះ ដំណើរការជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៦០ភាគរយហើយ ដែលបានចាប់ផ្ដើមឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ៕























