សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី ៤៤ ឆ្នាំ២០១៧


នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ សរុប៣៧០នាក់នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលមានយុវជនទាំង១០ប្រទេសបានចូលរួមបូកទាំងប្រទេសជប៉ុន។
ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន សូមចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយ(ព្យុះដំរី)ដែលបានកើតមានឡើងចំពោះប្រជាជនវៀតណាមដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១០០ នាក់ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះមេដឹកនាំអាស៊ានទាំងអស់ដែលបានដឹកនាំប្រទេសក្នុងដំបន់អោយមានការអភិវឌ្ឍរីកចម្រើន ជាពិសេស ការអភិវឌ្ឍនធនធានមនុស្សនេះ។ ចក្ខុវិស័យអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្ម និង សុខដុមនីយកម្មជាមួយគ្នា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចំនួន ២លើករួមមកហើយផងដែរ ហើយក៏ទទួលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្សេងៗផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅកាន់យុវជនទាំអស់ថា កម្ពុជាពីមុន មិនដូចកម្ពុជាបច្ចុប្បន្ននោះទេ កាលពី ៣៥ ឆ្នាំមុនទីក្រុងភ្នំពេញគ្មានមនុស្សរស់នៅនោះទេ។ សម្តេចតេជោ បានរំលឹកពីរបបជូចត់ នៃសម័យប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះកាលពី ៤១ឆ្នាំមុន រូបសម្តេចតេជោ ផ្ទាល់បានជួបនូវភាពជូចត់យ៉ាងខ្លាំង ដែលបានបែកបាក់គ្រួសារ និង បាត់បង់កូនជាទីស្រលាញ់។ តែមកទល់ពេលនេះកម្ពុជាមិនឯកោទៀទេ កម្ពុជាបានរួមដំណើរជាមួយអាស៊ានក្នុងការអភិវឌ្ឍនរីកចម្រើនជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរអំពីកត្តា៤យ៉ាងដែលធ្វើអោយកម្ពុជាចូលជាសមាជិកអាស៊ានមាន ១) កត្តាគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង។ ២) កត្តាស្មារតីសហគមន៍ គឺការធ្វើការតាមកុងសង់ស៊ីស។ ៣)កត្តាការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ ៤)កត្តាច្រកចេញកាទូតរបស់ម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ជាក់ផងដែរថា កម្ពុជាបច្ចុប្បន្នជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប និងពេលខាងមុខនឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។ កម្ពុជាមានមហិច្ឆតាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ទៀតផង។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលជាមួយយុវជនទាំងអស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណ រដ្ឋាភិបាលជប៉ុន ដែលបានចូលរួមកិច្ចសហប្រតិបត្តិការនេះ និង ជូនពរដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទិ៤៤ ឆ្នាំ២០១៧ ជួបតែសេចក្តីសុខ និងភាពជោគជ័យជាបន្តបន្ទាប់ទៀត ព្រមទាំងបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់យុវជន និងអញ្ជើញថតរូបអនុស្សាវរីយ៍ក្នុងភាពសប្បាយរីករាយក្រៃលែង៕