នៅថ្ងៃចន្ទ៨កើត ខែមាឃ ឆ្នាំម្សាញស័ប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភះ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេធាវីរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ និងអរគុណដល់រដ្ឋបាលក្រុង/ស្រុកដែលបានកំពុងបន្តគៀគរជំនួយ និងការដឹកជញ្ជូនស្បៀងដែលបានមកពីការចូលរបស់សប្បុរសជនយកទៅចែកជូនដល់វីរកងទ័ព និងជនភៀសសឹកជាបន្តបន្ទាប់នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃផងដែរ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទឹកក្នុងការស្រោចស្រព។
២. អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវពិនិត្យតាមដានរាល់ទីតាំងអាគារណាដែលសង្ស័យលេីករណី(អនឡាញស្គែម)ត្រូវសហការកំណត់គោលឱ្យបានច្បាស់លាស់ និងចុះបង្ក្រាបដោយគ្មានលើកលែងឡើយ។
៣.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៤.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។
៥.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
៦.ចូលរួមផ្សព្វផ្សាយខ្លឹមសារលិខិតពាក់ព័ន្ធ នឹងការប្រមូលចំណូលរបស់់ពន្ធដារខេត្ត រួមមាន៖ ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយប្រចាំឆ្នាំ២០២៦ ពន្ធលើប្រាក់ចំណូលឆ្នាំ២០២៥ និងការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យមានការលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ/អង្គភាព មួយចំនួនបានពីវឌ្ឍនភាពការងារដែលមន្ទីរ/អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ។




























































