(ភ្នំពេញ)៖ បន្ទាប់ពីពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវទស្សនាទាននៃកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ពិសេសដោយសង្កត់ធ្ងន់ថា «ម្នាក់ៗគឺជាម្ចាស់ ម្នាក់ៗគឺជាអ្នកទទួលខុសត្រូវ»។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗបន្ថែមទៀតដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកសុខាភិបាល ដែលត្រូវរៀបចំសម្រាប់ក្រុមពិភាក្សាដូចជា៖
១៖ សូមផ្តោតទៅលើសូចនាករទាំងឡាយដែលឆ្លើយតបទៅនឹង៖
* លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺឆ្លង(ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ ជំងឺរបេង…)
* លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម ជំងឺឡើងសំពាធឈាម ជំងឺមហារីក ជំងឺរាំរ៉ៃផ្សេងៗ…)
* អំពីតួលេខ ឬព័ត៌មានសំខាន់ៗរបស់មន្ទីរពេទ្យ
* សុខភាពមាតា និងទារក សុខភាពបន្តពូជ អាហារូបត្ថម្ភ
២៖ សកម្មភាពប្រតិបត្តិទាំងឡាយរបស់មន្ត្រីសុខាភិបាល ដែលត្រូវទទួលខុសត្រូវ៖
* ការជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលរងការប៉ះពាល់ពីសង្គា្រមនៅតាមព្រំដែន
*មន្ទីរសុខាភិបាល មន្ទីរពេទ្យ សូមយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនៃការព្យាបាល ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន
* ពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរក្រសួង អង្គការដៃគូនានា ប.ស.ស មូលនិធិសមធម៌
* ជំរុញឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស
* ពង្រឹង និងយកចិត្តទុកដាក់អំពីទំនាក់ទំនង (ជាពិសេសជាមួយប្រជាពលរដ្ឋ)
ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការលើកឡើងអំពីទស្សនាទាននេះ គឺដើម្បីផ្តល់ជាគំនិតយោបល់សម្រាប់ការពិភាក្សាឱ្យបានស៊ីជំរៅ លម្អិត និងផ្លែផ្កា ដើម្បីសម្រេចទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់៕








































