មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលទាំងស្រុងចំពោះការចុះផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយស្រឡះទាំងស្រុងពីការពិតរបស់សារព័ត៌មានថៃថា «សម្តេច ទៀ បាញ់ បានទាក់ទងមកភាគីថៃ ដើម្បីសុំផ្អាកជម្លោះ»


(ភ្នំពេញ)៖ នាថ្មីៗនេះមានសារព័ត៌មាន និងបណ្តាញសង្គមថៃមួយចំនួន បានផ្សព្វផ្សាយចោទប្រកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយបំភ្លៃថា «សម្តេចបានទាក់ទងមកភាគីថៃ ដើម្បីសុំផ្អាកជម្លោះ» ឬ សម្តេចសុំកុំឱ្យភាគីថៃ វាយខ្មែរទៀត ព្រមបានបំភ្លៃជាសំឡេងសម្តេចនិយាយទៅកាន់កងទ័ពថៃថា «សម្តេចតេជោ ហ៊ុន សែន លើកទង់ជ័យស ព្រមចុះចាញ់» ជាដើម។

ជុំវិញការលើកឡើងរបស់សារព័ត៌មានថៃខាងលើនេះ មន្រ្តីជាន់ខ្ពស់របស់កម្ពុជាម្នាក់ បានចេញមកបញ្ជាក់ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយ ដោយគ្មានមូលដ្ឋាន និងផ្ទុយស្រឡះទាំងស្រុងពីការពិតទាំងនេះ។ មន្រ្តីជាន់ខ្ពស់រូបនោះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺមិនធ្លាប់មានការទំនាក់ទំនងជាមួយភាគីថៃណាមួយ ហើយលើកឡើងនូវខ្លឹមសារ ដូចដែលសារព័ត៌មានថៃបានចុះផ្សាយខាងលើនោះឡើយ។

មន្ត្រីជាន់ខ្ពស់កម្ពុជា បានអះអាងថា ក្នុងនាមជារដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវការគោរពច្បាប់ កម្ពុជាតែងតែផ្តល់អាទិភាពដល់ការសន្ទនានិងកាទូត ប៉ុន្តែត្រូវឈរលើមូលដ្ឋាននៃភាពត្រឹមត្រូវ ស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមក ដើម្បីឈានទៅការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌និងយូរអង្វែង ស្របទៅនឹងគោលជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

គ្រប់កាលៈទេសៈសម្តេចពិជ័យសេនា ទៀ បាញ់ តែងតែបញ្ជាក់ពីជំហរយ៉ាងម៉ឹងម៉ាត់ ច្បាស់លាស់បំផុត ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព គោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវការ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

គួររំលឹកថា ក្នុងនាមជាអ្នកធ្លាប់តស៊ូ និងឆ្លងកាត់ភ្នក់ភ្លើង នៃសង្គ្រាមស៊ីវិលរាប់សិបទស្សវត្សរ៍ដោយផ្ទាល់ ហើយក៏ជាប្រតិបត្តករដ៏សំខាន់ម្នាក់ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងឯកភាពជាតិពេញលេញមកឱ្យកម្ពុជា រហូតដល់សព្វថ្ងៃ ដូច្នេះសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមអ្នកដែលស្រឡាញ់សន្តិភាព ពិតជាចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយុត្តិធម៌ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិ សម្រាប់កម្ពុជាឱ្យខាងតែបាន។

លើសពីនេះទៅទៀត សម្តេចពិជ័យសេនា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងស្វែងរកកិច្ច សហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕