តាកែវ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ នៅថ្ងៃសៅរ៍ ទី ៣១ ខែមករា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ប្រកបដោយសីលធម៌ និងគុណធម៌ជាប់ខ្លួនជានិច្ច។ នេះបើយោងតាម ការលើកឡើងរបស់ ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តតាកែវ ទាំងអស់ ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង បទពិសោធន៍ការងារល្អក្នុងសង្គម និងបានស្ម័គ្រចិត្តមកជួយការងារយុវជនគណបក្ស ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារៈ និងថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងមានជំនឿជឿជាក់កាន់តែច្រើនឡើង លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមប្រធានគណបក្សខេត្ត បានអំពាវនាវដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ទាំងអស់ ត្រូវបំពេញការងារជាមួយគ្នា ក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ច នូវបណ្តាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ប្រកបដោយសីលធម៌ និងគុណធម៌ជាប់ខ្លួនជានិច្ច។
ឯកឧត្តម វ៉ី សំណាង បានបន្តថា ជាមួយយុវជនគណបក្សទាំងអស់ ដែលសុទ្ធសឹងជាកម្លាំងស្នូលដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវធ្វើការវាយបក ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះឧបាយកលក្រុមជ្រុលនិយមមួយក្តាប់តូច៕


