ឯកឧត្តម ហ៊ុន ម៉ានី៖ «គណបក្សប្រជាជន ជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»


ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការបក្សសង្កាត់ព្រះស្រែ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្ត ក្រុង និងសង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ព្រមទាំងសមាជិកថ្មីសរុប ៥៨៥ នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ព្រះស្រែ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រះស្រែ ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ ប៉ុន្តែជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្តារសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរហូតមក។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសមាជិក សមាជិកាបញ្ចូលថ្មី ទាំង ៥៨៥ នាក់ នៅសង្កាត់ព្រះស្រែនាឱកាសនេះ រួមមាន កម្មករ កម្មការិនី ៣១៨ នាក់, សិស្សនិស្សិត ២៦ នាក់ គ្រូពេទ្យ ២ នាក់ និងគ្រូបង្រៀន ៣ នាក់ ក្រោយពីបានពិនិត្យឃើញនូវប្រវត្តិ សមិទ្ធផល និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនជារៀងរហូតមក។ នេះជាការលើកឡើងក្នុងពាក្យស្នើសុំចូលជាសមាជិកដែលបានអានដោយតំណាងសមាជិកសុំចូលថ្មី។