(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងធម្មការនិងសាសនា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) និងបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងក្រសួងទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធម្មការនិងសាសនា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមទិសស្លោករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៖ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង”។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសាសនា រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យសាសនា ដោយស្របតាមច្បាប់ បទបប្បញត្ត និងគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន និងឯកឧត្តមរដ្ឋមន្រ្តី ដាវ ង៉ុកហ្សុង (Đào Ngọc Dung) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសាសនា រយៈពលេ៥ឆ្នាំ ពីឆ្នាំ២០២៦ ដល់២០៣១ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ចូលរួមចំណែកកសាងទំនាក់ទំនង កម្ពុជា-វៀតណាម ឱ្យរឹងមាំ ជិតស្និទ្ធ និងមាននិរន្តរភាពយូរអង្វែង។
បន្ថែមលើនេះ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ដដែលនេះ ឯកឧត្តម ដាវ ង៉ុកហ្សុង (Đào Ngọc Dung) បានចូលជួបសវនាការ ជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅទីស្ដីការក្រសួងធម្មការនិងសាសនា ដើម្បីបន្តពិភាក្សាលើយន្តការការងារដែលត្រូវបន្តអនុវត្តក្នុងស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕


