នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាអធិបតីតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម” ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថាសាលារៀន នេះសាងសង់លើផ្ទៃដីអតីតសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ ដែលរួមមានអគារសិក្សា ៣ ជាន់ ចំនួន ១១ ខ្នង (ស្មើនឹង ១៤៧ បន្ទប់), អគាររដ្ឋបាល ២ ខ្នង, អាហារដ្ឋាន ២ កន្លែង និងសម្ភារគាំទ្រទំនើបៗជាច្រើនទៀត ដោយប្រើពេល ១២ ខែ ដើម្បីប្រែក្លាយសាលានេះឱ្យទៅជាគ្រឹះស្ថានសិក្សាស្តង់ដារ ដែលអាចទទួលសិស្សានុសិស្សបានកាន់តែច្រើន។
សាលារៀនននេះ មានប្រវត្តិផ្សារភ្ជាប់នឹងកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និង ជាជំនួយដ៏ថ្លៃថ្លារបស់គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមធ្វើឡើងក្នុងគោលបំណងអបអរសាទរ ខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាការបង្ហាញពីស្មារតី “តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ” នៃប្រទេសទាំងពីរ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែជួយលើកកម្ពស់គុណភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ កម្ពុជា-វៀតណាម។
បន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម តូច ឡឹម បានអញ្ជើញជានិមិត្តរូបក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាព កម្ពុជា-វៀតណាម” និងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មុននឹងបញ្ចប់កម្មវិធីផងដែរ ៕


