ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ក្រុមយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឱ្យស្រឡាញ់បរិស្ថាន និងស្វែងយល់ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក្នុងវិស័យបរិស្ថាន។
ការលើកឡើងបែបបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបសំណេះសំណាលប្រតិភូយុវជនកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថានយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មស្ថាប័ន គិតគូរ និងអនុវត្តការគាំពារជីវភាពមន្ត្រីរាជ និងការកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងយកចិត្តទុកដាក់លើការងារគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព និងការគ្រប់គ្រងការពារធម្មជាតិ និងកិច្ចការពារបរិស្ថាន ដែលជាការងារគ្រឹះរបស់ក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថាកម្ពុជាជាប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ជាពិសេសមានការគាំទ្រ ការផ្តល់ឱកាស និងការផ្តល់តម្លៃយ៉ាងខ្លាំងដល់យុវជន ដែលជាសសរទ្រូងរបស់ជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ពីសំណាក់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
សូមជម្រាបថា ក្រោយពីជំនួបយុវជននាវាយុវជនអាស៊ីអាគ្នេយ៍ បានស្វែងយល់ពីនៅក្នុង ដំណើរទស្សនកិច្ចនេះ យុវជនទាំងអស់បានទស្សនា និងស្វែងយល់ ពីអាគារក្រសួងបរិស្ថាន រូបសំណាក ជីវៈចម្រុះ និងផ្ទាំងរូបភាពផ្សេងៗ ទាក់ទងនឹងវិស័យបរិស្ថាន ដែលបានតាំងបង្ហាញនៅក្រសួងបរិស្ថាន ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនពង្រឹងមិត្តិភាព សាមគ្គីភាព ការយោគយល់គ្នា ការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្សេងៗ។នៅឆ្នាំ២០១៧នេះ យុវជនមកពីបណ្តាប្រទេសអាស៊ានទាំង១០ និងយុវជនជប៉ុន ចំនួន៥០នាក់ ធ្វើដំណើរទស្សនកិច្ចតាមនាវា ហើយគ្រោងចូលចតក្នុងប្រទេសចំនួន៦ រួមមាន ប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា៕
យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ស្វែងយល់ពីការដឹកនាំក្នុងវិស័យបរិស្ថានកម្ពុជា
