មេសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបចំពោះទស្សនមួយចំនួនតូចដែលចោទប្រកាន់ថារដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក រដ្ឋាភិបាលប្រើគ្រប់យន្តការដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឆ្លើយតបចំពោះបងប្អូនមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។

តាមរយៈបណ្តាញសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការឆ្លើយតបចំពោះបងប្អូនយើងដែលមិនគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។

ខ្ញុំសូមធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ: «រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ»។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។

ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដី និងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភាសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរ ឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។

ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់បងប្អូនយើងដែល មាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេតែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។ យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬ អាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត»៕