សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ។

ក្នុងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នាសុន្ទរោកាសប្រកបដោយសេចក្តីសោមនស្ស នៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នៅថ្ងៃពុធ ៩កើត ខែផល្គុន ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរប្រកបដោយភាពកក់ក្តៅ និងសព្ទសាធុការពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម។

ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះឧត្តមភាពប្រកបដោយគតិបណ្ឌិតប្រតិបត្តិរបស់ ឯកឧត្តម ដែលបានរួមចំណែកយ៉ាងស្វាហាប់បំពេញគ្រប់តួនាទី ភារកិច្ច រហូតមកដល់បច្ចុប្បន្ន ដើម្បីការពារជាតិ និងភាពរីកចម្រើន នៃជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលកន្លងទៅ ឯកឧត្តម តែងតែបំពេញសកម្មភាពការងារពុំខ្លាចនឿយហត់ ក្នុងកិច្ចការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីកម្ពុជាទទួលបានមូលធនមនុស្សដែលចាកឆ្ងាយពីគ្រឿងញៀន។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និង ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕