រដ្ឋមន្ត្រីក្រសួងធម្មការស្នើអ្នកដឹកនាំពិធីនីមួយៗយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ជាតិសាសន៍ ឬសាសនាដទៃទៀត


ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានស្នើដល់អ្នកដឹកនាំពិធីនីមួយៗយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ជាតិសាសន៍ ឬសាសនាដទៃទៀត ដើម្បីជាការបន្តរក្សានូវសុខុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការ និងសាសនា នាសាលសន្និសីទចតុមុខ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ សូមអ្នកដឹកនាំពិធីកម្មនីមួយៗយកចិត្តទុកដាក់ធ្វើយ៉ាងណាប្រិតប្រៀងទាំងពាក្យសម្តី និងកាយវិការឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងការការប៉ះពាល់ជាតិសាសន៍ ឬសាសនាដទៃ ដើម្បីជាការបន្តរក្សានូវសុខុមនីយកម្មខាងសាសនានៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្របតាមរដ្ឋធម្មនុញ្ញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សិទ្ធិ និងជំនឿរបស់បងប្អូនត្រូវបានបើកទូលាយជូន តែត្រូវធ្វើយ៉ាងណាសូមកុំឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សង្គម។ ដូច្នេះហើយសូមអង្គសន្និបាតរយៈពេលពីរថ្ងៃនេះធ្វើការពិភាក្សាឱ្យបានផលផុស ដើម្បីធ្វើយ៉ាង ណាឱ្យការប្រព្រឹត្តទៅនៃពិធីកម្មនីមួយៗជៀសផុតពីការធ្វើឱ្យប៉ះពាល់ដល់ជាតិសាសន៍ ឬសាសនាដទៃទៀត ដែលអាចនាំឱ្យខូចខាតដល់ដំណើរការសុខដុមនីយកម្មខាងសាសនានៅកម្ពុជា ក្នុងនោះអាចារ្យ ឬអាចារ្យរិនីនៅក្នុងកម្មវិធីគឺមានតួនាទីសំខាន់បំផុតក្នុងការដឹកនាំពិធីកម្មឱ្យប្រព្រឹត្តទៅដោយរលូន និងមិនបង្កនូវផលរមាស់ណាមួយ ព្រោះក្រសួងធម្មការ និងសាសនា តែងបានបើកវគ្គបណ្តុះបណ្តាលដល់ អាចារ្យ និងអាចារ្យរិនីជារៀងរាល់ឆ្នាំ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំពិធីកម្មឱ្យបានត្រឹម ត្រូវ ដែលរួមមាន ពិធីបែបសាសនា ឬពិធីអាពាហ៍ពិពាហ៍ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងក្នុងបណ្តាឆ្នាំកន្លងៗមក ជាពិសេសក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗនេះទទួលបានលទ្ធផលល្អប្រសើរក្នុងនាមជាសេនាធិការរបស់រាជដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើទោះបីជាយើងទទួលបានសមិទ្ធផលការងារល្អប្រសើរក្នុងឆ្នាំកន្លងទៅក៏ពិតមែន តែសម្រាប់ឆ្នាំ២០២៦ និងបណ្តាឆ្នាំខាងមុខៗទៀត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ត្រូវបន្តការងារដោយសកម្មបន្ថែមទៀត ដើម្បីធ្វើឱ្យកិច្ចការរបស់យើងទទួលបានជោគជ័យ ជាពិសេសការចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងតែកើតមានឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងដោយមនសិការ ព្រោះថាទន្ទឹមនឹងភាពជោគជ័យ យើងក៏នៅមានបញ្ហាជាច្រើនដែលត្រូវរួមគ្នាធ្វើការដោះស្រាយ ខណៈដែលឆ្នាំ២០២៥កន្លងទៅគឺជាឆ្នាំដែលមាន បញ្ហាប្រឈមជាច្រើន ដែលវាកើតចេញពីការឈ្លានពានរបស់ភាគីថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា៕