អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំប្រជុំដោះស្រាយផលប៉ះពាល់បង្គោលអគ្គិសនី និងជំរុញគម្រោងពង្រីកផ្លូវចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងក្រុងសំរោង


(ឧត្តរមានជ័យ)៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយផលប៉ះពាល់បង្គោលអគ្គិសនីសម្រាប់គម្រោងពង្រីក និងកែលម្អផ្លូវចាប់ពី រង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងក្រុងសំរោង។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុងសំរោង មន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុមការងារបច្ចេកទេស និងតំណាងអគ្គិសនីកម្ពុជា ក្នុងគោលបំណងសម្របសម្រួលបច្ចេកទេស ការរុះរើ ឬផ្លាស់ប្តូរទីតាំងបង្គោល អគ្គិសនីឱ្យមានរបៀបរៀបរយ សុវត្ថិភាព និងសមស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យដំណើរការពង្រីកផ្លូវអាចអនុវត្តបានដោយរលូន និងទាន់ពេលវេលា។

ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថា គម្រោងពង្រីកផ្លូវចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧នេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាព ទេសភាពទីក្រុង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព សមស្របនឹងការរីកចម្រើនរបស់ក្រុងសំរោង។ លោកថា ផ្លូវនេះនឹងជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំឱ្យក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែងគ្រប់ចំណុចដែលរងផលប៉ះពាល់ ដោយត្រូវអនុវត្តការងារដោយមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការ រំលោភលើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ និងមិនបង្កឱ្យមានការរំខានដល់ប្រព័ន្ធលូបង្ហូរទឹក ឬបណ្តាញបច្ចេកទេសផ្សេងៗ។ ការរុះរើ និងដំឡើងបង្គោលថ្មី ត្រូវធ្វើឡើងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងធានាសុវត្ថិភាពសាធារណៈជាអាទិភាព។

ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានថ្លែងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយ ពន្យល់ និងបំភ្លឺដល់បងប្អូនប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍រយៈពេលវែងនៃគម្រោងនេះ ដើម្បីទទួលបានការចូលរួម សហការយ៉ាងសកម្ម និងការយោគយល់ខ្ពស់ ក្នុងអំឡុងពេលអនុវត្តការងារ។

សូមបញ្ជាក់ថា គម្រោងពង្រីក និងកែលម្អផ្លូវពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយមុខមាត់ក្រុងសំរោង ឱ្យកាន់តែស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងសមជាបេះដូងនៃខេត្តឧត្តរមានជ័យ ក្នុងបរិបទនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕