ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាគាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ


គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រទៅដល់ការរៀបចំផែនការយុទ្ធសាស្ត្រអន្តរវិស័យ និងការពង្រឹងស្ថាប័ន ក្រោមកម្មវិធីវិនិយោគទីក្រុងងាយរស់នៅ ធន់ និងមានសុវត្ថិភាពទឹករបស់ខ្លួន។

ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អំពីកិច្ចសហប្រតិបត្តិការលើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា “ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការត្រៀមខ្លួនសម្រាប់ការនាំចេញ នឹងមានសារសំខាន់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់កម្ពុជា។” លោកស្រី បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ដើម្បីពង្រឹងការងារវាយតម្លៃទទួលស្គាល់ ស្តង់ដារូបនីយកម្ម និងសមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីកំណែទម្រង់ដែលកំពុងអនុវត្ត រួមមានការកែលម្អប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ ពង្រឹងការអនុវត្តអាជ្ញាបណ្ណ និងជំរុញការរួមបញ្ចូលគ្នា ដើម្បីលើកកម្ពស់គុណភាពសេវា ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមបានលើកឡើងថា “ទឹកស្អាតមិនមែនត្រឹមតែសម្រាប់ការផ្គត់ផ្គង់តាមផ្ទះ ឬសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១លាន៥៧ម៉ឺនតំណ ជាមួយបណ្តាញចែកចាយសរុបជាង៤ម៉ឺនគីឡូម៉ែត្រ និងបរិមាណផលិត និងចែកចាយទឹកស្អាតសរុប ៥៥៦លានម៉ែត្រគូប៕