តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លេខ០០១/០១២៦/លគ.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដល់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ គណៈកម្មាធិការគ្រប់ថ្នាក់របស់គណបក្សខេត្តតាកែវ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រុងឃុំសង្កាត់ភូមិ និងក្រុមការងារគណបក្សជាច្រើនរូប ។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្ស ថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុន ក្នុងការបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋ រស់នៅកាន់តែមានជីវភាពធូធារ ទើបបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជា គាំទ្រភ្លូកទឹកភ្លូកដី ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នោះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន អោយអស់ពីសមត្ថភាព តាមរយៈការបម្រើសេវាជូនពួកគាត់អោយបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាក និងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តជឿជាក់ និងគាំទ្រ លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោធិបតី ជាប្រមុខដឹកនាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តវិធី ផ្អែកលើច្បាប់អន្តរជាតិ ធ្វើយ៉ាងណារកយុត្តិធម៌ជូនប្រទេសជាតិ និងនាំមកនូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមបន្ទាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើងវិញ៕


