តំបន់អេកូទេសចរណ៍អារ៉ែង ប្រែមុខមាត់ថ្មី ពោរពេញដោយសក្ដានុពល និងជួយលើកកម្ពស់ជីវភាពសហគមន៍


(ភ្នំពេញ)៖ តំបន់អេកូទេសចរណ៍អារ៉ែង ស្ថិតនៅជួរភ្នំក្រវាញ ចាត់ទុកជាតំបន់សក្ដានុពលមួយដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរទៅទស្សនាជ្រលងជួរភ្នំ ដងស្ទឹង ទឹកជ្រោះ និងជីវចម្រុះជាច្រើនប្រភេទ។ ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់អេកូទេសចរណ៍បែបនេះ ថែមទាំងបានជួយជាចំណូលទៅកាន់ប្រជាសហគមន៍ និងជួយថែរក្សាធនធានធម្មជាតិទៀតផង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក ជុំ ផារីនិមល ប្រធានផ្នែកលក់នៅអារ៉ែងខេមភីង បានឲ្យដឹងថា មុនពេលបង្កើតរីសត នៅក្នុងសហគមន៍មានកង្វះខាតការងារ អ្នកភូមិភាគច្រើនរស់នៅពឹងផ្អែកលើ ការកាប់ឈើ និងការបរបាញ់សត្វព្រៃ កម្រៗ។

លោកបន្តថា នៅតំបន់អារ៉ែងខេមភីង (Areng Camping) ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ស្ទើតែគ្មានហេដ្ឋារចនាសម្ព័ន្ធទាល់តែសោះ គ្មានផ្លូវល្អ គ្មានសេវាទូរស័ព្ទ និងមានការលំបាកខ្លាំងក្នុងការទទួលបានសេវាសុខាភិបាល ឬការអប់រំ។

ដោយឡែក លោក ជុំ ផារីនិមល បញ្ជាក់ថា ក្រោយពេលមានរីសត ប្រជាសហគមន៍បានបង្កើតមុខរបរថ្មីសម្រាប់ជីវភាព ដែលពីមុនជាអតីតអ្នកបរបាញ់ និងអ្នកកាប់ឈើត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជា អ្នកនាំផ្លូវព្រៃ (Guides), អ្នកបើកទូក និងឬបង្កើតជាម្ចាស់ផ្ទះស្នាក់ (stayhome) ហើយនៅទីនោះ បុគ្គលិកភាគច្រើន គឺជាពលរដ្ឋរស់នៅក្នុងសហគមន៍។

បើតាមការបញ្ជាក់របស់ លោក ជុំ ផារីនិមល ប្រធានផ្នែកលក់នៅអារ៉ែងខេមភីង, ដោយសារប្រជាសហគមន៍ទទួលបានផលប្រយោជន៍ពី សត្វព្រៃដែលនៅរស់នៅតំបន់នោះ ដូច្នេះពលរដ្ឋបានក្លាយជា «អ្នកការពារព្រៃឈើដោយខ្លួនឯង»។

មិនតែប៉ុណ្ណោះ នៅក្នុងសហគមន៍ ថែមទាំងអាចអាចលក់ដូរផលដំណាំដែលខ្លួនដាំដុះបាន ទៅអោយភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដោយដំណាំរួមមាន៖ ធូរេន, ចេក, ភ្ញាវ, គុយ, សាម៉ាវ ជាដើម។ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកលក់នៅអារ៉ែងខេមភីង។

លោកបន្តថា ការទស្សនានៅតំបន់អារ៉ែង មិនមែនជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ភ្ញៀវទេសចរ ក្នុងការសិក្សាពីការរស់នៅរបស់សហគមន៍ដែលជាអ្នកការពារធម្មជាតិ និងការអភិរក្សសត្វព្រៃកម្រដូចជា ក្រពើភ្នំ និងអណ្តើកហ្លួង ដែលកំពុងទទួលការអភិរក្សយ៉ាងយកចិត្តទុកដាក់។

ក្រៅពីការទស្សនាធនធានធម្មជាតិដែលមានស្រាប់ អារ៉ែងខេមភីង បានបង្កើតជាសកម្មភាពកម្សាន្តជាច្រើន រួមមាន ការជិះកាយ៉ាកតាមដងស្ទឹងអារ៉ែង កាជិះក្បូនមើលថ្ងៃរះ ឬថ្ងៃលិច ការជិះខ្សែរ៉តចម្ងាយ ៣០០ម៉ែត្រ គយគន់ទេសភាពដ៏ស្រស់ស្អាត បាញ់ធ្នូ ស្ទូចត្រី និងមានម៉ូតូកង់៤សម្រាប់ជិះកម្សាន្តក្នុងតំបន់។

ទោះជាយ៉ាងក្ដី ប្រធានផ្នែកលក់នៅអារ៉ែងខេមភីង បានអះអាងថា ក្រុមការងារនៅទីនោះតែងតែថែរក្សាបរិស្ថានយ៉ាងខ្ជាប់ខ្ជួន។ ជារៀងរាល់សប្តាហ៍មានការសំអាតតំបន់ តាមរយៈការប្រមូលសម្រាម និងសំណល់ប្លាសិ្ទច ព្រមទាំងណែនាំភ្ញៀវទេសចរណ៍ឲ្យចូមរួមថែរក្សាបរិស្ថានផងដែរ៕