ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន


(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៦ របសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅឆ្នាំ២០២៥ លទ្ធផលបង្ក្រាបបទល្មើសជារួមមាន ការកើនឡើង១.០៦% ប៉ុន្តែបរិមាណគ្រឿងញៀនចាប់យកថយចុះ៦០.៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ៖ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%) តាមផ្លូវអាកាសប្រមាណ១% តាមបញ្ញើប្រៃសណីយ៍ប្រមាណ១% ករណីកែច្នៃផលិតប្រមាណ៣៩% និងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ក្នុងផ្ទៃប្រទេសប្រមាណ៥%។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ក្នុងចំណោមគ្រឿងញៀន ដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កតាមីន និងហេរ៉ូអ៊ីន មានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ហើយកេតាមីន និងម៉ិចស្តាស៊ី មួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងទៀតថា បណ្តាអង្គភាពអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

*បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០,៧៤៣ករណី (នៅឆ្នាំ២០២៤ បានចំនួន១០,៦៣០ករណី) កើន១១៣ករណី ស្មើ១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ឃាត់ខ្លួនជនសង្ស័យ ចំនួន២៧,៨៨៤នាក់ (នៅឆ្នាំ២០២៤មានចំនួន២៧,០៧១នាក់) កើន៨១៣នាក់ ស្មើ៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤

*ចាប់យកគ្រឿងញៀនចំនួន៥តោន ៨៩៧គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន១៤តោន៩០៩គីឡូក្រាម) ថយចុះ ៩តោន០១២គីឡូក្រា។ ស្មើ៦០,៤៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤

*បំផ្លាញដំណាំកញ្ញាបាន១២,២១២ដើម (នៅឆ្នាំ២០២៤ មានចំនួន១៧,៧៨៥ដើម) ថយចុះ៥,៥៧៣ដើម

*ចាប់យកកញ្ញាក្រៀម ៥២៥គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន ១៤២គីឡូក្រាម) កើន៣៨៣គីឡូក្រាម

*រឹបអូសសារធាតុគីមីផ្សំចំនួន៤២តោន ៨១៤គីឡូក្រាម (នៅឆ្នាំ២០២៤មានចំនួន៣៥៤គីឡូក្រាម) កើន៤២តោន ៤៦៩គីឡូក្រាម។

ជាមួយគ្នានេះ បន្ថែមពីលទ្ធផលការងារបង្ក្រាបខាងលើ សមត្ថកិច្ចបានអនុវត្តននូវវិធានការរដ្ឋបាល សរុបចំនួន១៤,៩៤៦លើក (ឆ្នាំ២០២៤ មានចំនួន១,០៩២លើក) កើនឡើង១៣,៣៥៤លើក ក្នុងនោះ៖

*ចុះបិទអាជីវកម្ម ចំនួន ១២ទីតាំង ស្មើ២គោលដៅ (ផ្ទះសំណាក់ និងKTV)
*ចុះអប់រំទីតាំងអាជីវកម្ម ចំនួន ១៤,១៩៤លើក ស្មើ៥គោដៅ (សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខេធីវី និងក្លឹប)
*អញ្ជើញម្ចាស់ទីតាំងអាជីវកម្មមកប្រជុំ៧៤០លើក អ្នកចូលរួម ៣៤,៧០៧នាក់ (ស្រី១៧.២៥៧នាក់)
*ឆ្មក់ធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើក្រុមគោលដៅមានតម្រុយប្រើប្រាស់គ្រឿងញៀន បានចំនួន១,១៦៣លើក លើមុខសញ្ញាចំនួន១,៧៩៦នាក់ រកឃើញវិជ្ជមាន សារធាតុញៀន១,៥១០នាក់៕