សមាជិកក្រុមប្រឹក្សាភិបាលគណបក្ស AFD របស់អាល្លឺម៉ង់ ស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាលគណបក្សជម្រើសថ្មី (AFD) របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា នៅពេលឯកឧត្តមបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងបានឃើញទិដ្ឋភាពទាំងឡាយផ្ទាល់ភ្នែក។

ឯកឧត្តម ភីតធឺ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីនៃព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រ​ទេស​កម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។

ឯកឧត្តម ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបលោក​ជួប​សម្តែងការគួរសម។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែង​ថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោ​លើ​បណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែថ្ងៃនេះ​ឯកឧត្តម មានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់។ ឯកឧត្តម ភីតធឺ បានបង្ហាញ​ការ​ស្ញប់​ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធន៍របស់សម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជានាពេលកន្លងមក។

ឯកឧត្តម ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា។ ឯកឧត្តម បានគូសរំលេច​ថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់​ប្រទេស​កម្ពុជាខ្លាំង​ណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ភីតធឺ ក៏បានពិភាក្សាពីទិសដៅ​ខាង​មុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌគណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស៕