កម្ពុជា-ចក្រភពអង់គ្លេស រួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក


បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។

ក្នុងវេទិកាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីស្ថានទូតចក្រភពអង់គ្លេស ដៃគូអភិវឌ្ឍន៍ ឧស្សាហកម្ម និងស្ថាប័នបណ្តុះបណ្តាល, ឯកឧត្ដមបានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

ឯកឧត្ដមមានប្រសាសន៍ថា TVET គឺជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារ ដែលមិនខុសគ្នានឹងការអប់រំនៅឧត្តមសិក្សា និងប្រព័ន្ធអប់រំផ្សេងទៀត ព្រមទាំងជាជម្រើសដ៏ល្អមួយបន្ថែមទៀតដល់យុវជនផងដែរ។ ជាមួយគ្នានេះ កិច្ចសហការនេះក៏បញ្ជាក់ពីសារៈសំខាន់នៃជំនាញបៃតង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ហើយកម្ពុជាក៏ស្នើឱ្យភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះ ជាមួយការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតង និងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាពេលថ្មីៗនេះថា “មនុស្ស” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏សំខាន់របស់កម្ពុជា។ ក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺការអភិវឌ្ឍធនធានមនុស្សដែលវិស័យ TVET មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនាញចាំបាច់ដល់កម្លាំងពលកម្មសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

ដើម្បីបំប្លែងគោលបំណងទាំងនេះឱ្យក្លាយជាការអនុវត្តជាក់ស្តែង ការផ្តោតអាទិភាពភ្លាមៗនោះ គឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការពង្រឹងតួនាទី ក្រុមប្រឹក្សាជំនាញតាមវិស័យ ជាមួយនឹងបទពិសោធ និងក្របខណ្ឌបច្ចេកទេសពីចក្រភពអង់គ្លេសមកអនុវត្ត។ ឯកឧត្តម ហេង សួរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។

ឯកឧត្តមបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយឯកឧត្តមបញ្ជាក់ទៅកាន់ឯកឧត្តម វីល្លៀម ថាភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា UKSP និងក្រុមការងារទាំងអស់ចំពោះការគាំទ្រ និងការប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង។

ទន្ទឹមនេះ ឯកឧត្តម វីល្លៀមក៏បានបង្ហាញមោទនភាពចំពោះ “ភាពជាដៃគូ” នេះ ដែលឯកឧត្តមចាត់ទុកថាជា “ជំពូកថ្មីដ៏រំភើប” នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕