(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ចំនួន៥០,០០០ (ប្រាំម៉ឺន)រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ក្រសួងមុខងារសាធារណៈ បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៦ ឲ្យបានក្នុងសប្ដាហ៍ទី១នៃខែឧសភា និងលើកទី២ ឲ្យបានក្នុងសប្ដាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។
ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៦ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

